Titus 2

1រីឯអ្នក​វិញ​ចូរ​និយាយសេចក្ដី​ណា​ដែលស្របតាម​សេចក្ដី​បង្រៀនត្រឹមត្រូវ 2ត្រូវឲ្យ​បុរសចាស់ៗចេះទប់ចិត្ត​ហើយ​ដឹង​ខុស​ត្រូវគួរ​ឲ្យ​គោរព​និង​រឹងមាំ​ក្នុង​ជំនឿ​សេចក្ដី​ស្រលាញ់​និង​សេចក្ដីអត់ធ្មត់​ផង។ 3រីឯស្ដ្រីចាស់ៗ​ក៏​ដូច្នោះ​ដែរ​ត្រូវ​មានកិរិយាមារយាទសម​ជា​អ្នក​បរិសុទ្ធមិននិយាយ​មូល​បង្កាច់ញៀនស្រាឡើយ​ប៉ុន្ដែ​ជា​គ្រូ​បង្រៀន​សេចក្ដី​ត្រឹមត្រូវ​វិញ 4ដើម្បីអប់រំ​ស្ត្រី​ក្មេងៗឲ្យស្រលាញ់ប្ដី​និង​កូន​របស់​ខ្លួន 5ឲ្យដឹងខុសត្រូវបរិសុទ្ធ​ធ្វើ​ជា​មេផ្ទះ​ដ៏​ល្អចុះចូល​នឹង​ប្ដី​របស់​ខ្លួនដើម្បីកុំ​ឲ្យ​អ្នកណា​ប្រមាថព្រះបន្ទូល​របស់​ព្រះជាម្ចាស់បានឡើយ 6រីឯបុរស​ក្មេងៗ​វិញ​ក៏​ដូច្នោះ​ដែរ​ចូរ​ដាស់តឿន​គេ​ឲ្យ​មាន​គំនិត​ត្រឹមត្រូវ 7ក្នុងការ​អ្វី​ក៏​ដោយ​ចូរ​បង្ហាញខ្លួនអ្នក​ទុក​ជា​គំរូ​ពី​កិច្ចការល្អ​ហើយ​នៅក្នុងការបង្រៀន​វិញ​ចូរ​បង្ហាញ​ភាពស្អាតស្អំ​សេចក្ដី​ថ្លៃថ្នូរ 8និងពាក្យសំដីត្រឹមត្រូវ​ដែល​រក​បន្ទោស​មិន​បានដើម្បី​ឲ្យ​អ្នកប្រឆាំងអាម៉ាស់មុខ​ដោយ​គ្មានអ្វីអាក្រក់និយាយអំពីយើង 9ចូរឲ្យ​ពួក​បាវបម្រើចុះចូល​នឹង​ចៅហ្វាយ​របស់​ខ្លួនក្នុងគ្រប់​ការ​ទាំងអស់​ទាំង​ផ្គាប់ចិត្ត​ចៅហ្វាយ​ហើយ​ឥតប្រកែក 10ឥតលួចបន្លំឡើយផ្ទុយ​ទៅ​វិញ​ត្រូវ​សំដែង​ភាព​ស្មោះត្រង់ទាំងស្រុងដើម្បីតុបតែង​សេចក្ដី​បង្រៀន​របស់​ព្រះជាម្ចាស់ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើងក្នុង​គ្រប់​ការ​ទាំងអស់ 11ដ្បិតព្រះ​គុណ​របស់​ព្រះជាម្ចាស់​ដែល​នាំ​សេចក្ដី​សង្គ្រោះ​ដល់​មនុស្សទាំងអស់​បាន​លេចមក​ហើយ 12ព្រមទាំងបង្ហាត់បង្រៀនយើងឲ្យលះបង់​ការ​មិន​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់និង​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​លោកិយ​ចោល​ហើយ​ឲ្យ​យើង​រស់នៅក្នុងលោកិយនេះ​ដោយ​មាន​ចិត្តធ្ងន់សុចរិតនិង​ដោយ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ 13ទាំងរង់ចាំ​សេចក្ដី​សង្ឃឹម​ដ៏​មានពរនិង​ការ​យាង​មក​ប្រកប​ដោយ​សិរីរុងរឿងរបស់ព្រះជាម្ចាស់​ដ៏​ឧត្ដម​គឺ​ព្រះ​យេស៊ូគ្រិស្ដ​ជា​ព្រះអង្គសង្គ្រោះ​របស់​យើង 14ដែលព្រះអង្គ​បាន​ប្រគល់អង្គទ្រង់ជំនួសយើងដើម្បីលោះយើង​ឲ្យ​រួចពី​សេចក្ដី​ទុច្ចរិតគ្រប់​បែប​យ៉ាងហើយសម្អាតប្រជារាស្ត្រមួយ​ធ្វើ​ជា​ប្រជារាស្ត្រ​ដ៏​វិសេស​សម្រាប់​ព្រះអង្គផ្ទាល់​ដែល​ខ្នះខ្នែងប្រព្រឹត្ដ​ការ​ល្អ 15ចូរប្រាប់​អំពី​ទាំងនេះទាំងដាស់តឿននិង​ស្ដី​បន្ទោស​ពួកគេ​ដោយសិទ្ធិអំណាចគ្រប់​បែប​យ៉ាង។ ​កុំ​ឲ្យ​អ្នកណា​ម្នាក់​មើលងាយអ្នកឡើយ
Copyright information for KhmKCB